គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប៉េប៉េអឹមនៅទ្វីបអាហ្រ្វិក : វគ្គបណ្តុះបណ្តាលនៅសេណេហ្គាល់ និងនៅទីក្រុង Abidjan

កាលបរិច្ឆេទ: ០៨ កក្កដា ២០២១ / ម្ហូបអាហារ

ក្រុមការងារសហគ្រាសផលិតឱសថប៉េប៉េអឹមប្រចាំនៅប្រទេសសេណេហ្គាល់បានរៀបចំវគ្គបណ្តុះបណ្តាលពីរកាលពីខែមិថុនា ក្នុងតំបន់ឆ្ងាយៗដើម្បីផ្សព្វផ្សាយពីផលិតផលរបស់យើងទៅដល់ឱសថការី និងបុគ្គលិកសុខាភិបាល។ ក្រុមការងារបានចុះទៅដល់ទីក្រុង Tambacounda ជាទីក្រុងធំជាងគេនៅសេណេហ្គាល់ប៉ែកខាងកើតដែលមានចម្ងាយ៤៥២គ.មពីទីរដ្ឋធានីដាកា និងទៅទីប្រជុំជន Ziguinchor នៃតំបន់ Casamance ភាគខាងត្បូងនៃប្រទេសដែលមានចម្ងាយ៤៨០គ.មពីរដ្ឋធានីដាកា។ ក្រោយមកក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលទីពីរ ក្រុមការងារបានចុះទៅដល់ទីក្រុង Abidjan នៃប្រទេសកូដឌីវ័រ ដើម្បីផ្សព្វផ្សាយជាពិសេសផលិតផលខេមប្រូប៊ីយ៉ូទិក ដែលបង្កើតឡើងនៅកម្ពុជាដោយមន្ទីរពិសោធន៍សហគ្រាសផលិតឱសថប៉េប៉េអឹម និងត្រូវបានដាក់លក់នៅលើទីផ្សារអាហ្រ្វិកកាលពីឆ្នាំ២០១៧។ ផលិតផលបំប៉នសុខភាពបែបបធម្មជាតិនេះផលិតចេញពីរុក្ខជាតិម្យ៉ាងឈ្មោះដើមញ ដែលត្រូវបានគេប្រើប្រាស់ធ្វើជាឱសថបុរាណតាំងពីរាប់សតវត្សរ៍មកហើយនៅប្រទេសឥណ្ឌា ព្រោះទឹកផ្លែញល្បីថាជួយឲ្យប្រព័ន្ធការពារសរីរាង្គបែបធម្មជាតិកាន់តែប្រសើរឡើង និងជួយផ្តល់ថាមពល  ជំនួយដល់ការគេង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ ម្យ៉ាងវិញទៀតទឹកផ្លែញចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងភាពទ្រុឌទ្រោមនៃកោសិកា ជួយបំបាត់ការឈឺចាប់ និងរលាកផ្សេងៗ។

ដោយសារវិធីសាស្រ្តផលិតដែលមិនធ្លាប់មានពីមុនមកនៃផលិតផលខេមប្រូប៊ីយ៉ូទិក ទឹកផ្លែញដែលមានដាក់មេត្រូវបានទុកចោលហាលខ្យល់នៅខេត្តកំពតដើម្បីឲ្យវាឡើងជូរ និងដើម្បីឲ្យវាបង្កើនសារជាតិប្រូប៊ីយ៉ូទិកបែបធម្មជាតិ និងមានជីវិត។ វិធីសាស្រ្តនេះអាចធ្វើឲ្យខេមប្រូប៊ីយ៉ូទិកផ្ទុកទៅដោយសារជាតិប្រូប៊ីយ៉ូទិកប្រមាណជាង៥០ប្រភេទ ដែលអាចជួយសម្រួលដល់បញ្ហាតុល្យភាពនៃបាក់តេរីនៅក្នុងពោះវៀនមនុស្សយើង ធ្វើឲ្យវាមានប្រសិទ្ធភាពកាន់តែខ្ពស់សម្រាប់ព្យាបាលរោគសញ្ញាជាច្រើន។ សារជាតិប្រូប៊ីយ៉ូទិកល្បីខាងជួយសម្រួលឲ្យបត់ជើងស្រួល ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយបំបាត់ភាពស្រេ្តស ហើយសារជាតិប្រូប៊ីយ៉ូទិកនេះជួយបំពេញបន្ថែមទៅលើសារប្រយោជន៍នានានៃទឹកផ្លែញតាមរយៈផលិតផលខេម ហើយដែលការសិក្សាជាច្រើនបានបង្ហាញថាវាពិតជាមានប្រយោជន៍សម្រាប់សុខភាពមែន តួយ៉ាងដូចជាជួយដល់អ្នកជំងឺដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំជាដើម។

ខណៈពេលដែលតួនាទីនៃអតិសុខុមប្រាណនៅក្នុងពោះវៀនមនុស្សយើងចំពោះសុខភាពមិនត្រូវបានគេយល់ដឹងទូលំទូលាយនៅទ្វីបអាហ្រ្វិកនោះ មន្ទីរពិសោធន៍ប៉េប៉េអឹមមានក្តីសោមនស្សរីករាយចំពោះវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត Marietou Traoré ក្នុងវគ្គបណ្តុះបណ្តាលនៅទីក្រុង Abidjan ស្តីពីផលិតផលខេម។ ឯកទេសខាងជំងឺសសៃប្រសាទ និងជំងឺឆ្កួតជ្រូក និងជាប្រធានអង្គភាពសសៃប្រសាទនៃមន្ទីរពេទ្យ Roi Beaudoin នៅទីក្រុង Guédiawaye និងជាសមាជិកគណៈគ្រូពេទ្យឯកទេសខាងសសៃប្រសាទនៃប្រទេសសេណេហ្គាល់ លោកស្រីវេជ្ជបណ្ឌិត Marietou Traoré បានធ្វើការសិក្សាស្រាវជ្រាវផ្នែកអតិសុខុមប្រាណនៅប្រទេសជប៉ុន។ វាជាប្រធានបទមួយដែលលោកស្រីចាប់អារម្មណ៍យ៉ាងខ្លាំង។ ចាប់ពីពេលនោះមក លោកស្រីវេជ្ជបណ្ឌិតបានធ្វើការផ្សព្វផ្សាយឲ្យមានការទទួលស្គាល់ថាប្រូប៊ីយ៉ូទិកពិតជាមានប្រសិទ្ធភាពក្នុងការព្យាបាលរោគសាស្រ្តមួយចំនួនធំមែន។ ដូច្នេះហើយបានជាលោកស្រីចាប់អារម្មណ៍ទៅលើផលិតផលខេមប្រូប៊ីយ៉ូទិក។ អតិសុខុមប្រាណគឺជាប្រធានបទមួយដែលគេមិនសូវយល់ដឹងនៅទ្វីបអាហ្រ្វិក ហើយលោកស្រីវេជ្ជបណ្ឌិតខិតខំធ្វើយ៉ាងណាឲ្យមានការទទួលស្គាល់ពីប្រសិទ្ធភាពនៃប្រូប៊ីយ៉ូទិកក្នុងការព្យាបាលរោគសាស្រ្តមួយចំនួន៕